• ទីបំផុត ក្រុមហ៊ុនមហាសេដ្ឋីចិន ជេក ម៉ា សម្រេចវិនិយោគនៅកម្ពុជាហើយ

    ទីបំផុត ក្រុមហ៊ុន Shenzhen 4PX Express ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba Cainiao Logistics Group បានសម្រេចវិនិយោគនៅកម្ពុជាហើយ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ឆ្លងកាត់ព្រំដែននៅក្នុងប្រទេសកម្ពុជា និងបង្កើតកាលានុវត្តភាពធុរកិច្ច សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីពង្រីកការនាំចេញ។​

    ការវិនិយោគខាងលើនេះ ត្រូវបានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប្រកាសស្វាគមន៍គាំទ្រក្នុងជំនួបជាមួយប្រតិភូក្រុមហ៊ុន Shenzhen 4PX Express ដឹកនាំដោយស្ថាបនិក និងនាយកប្រតិបត្តិ លោក KEVIN Yue Li និងមានការចូលរួមពី លោក Nick Beresford តំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។

    នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជំរុញក្រុមហ៊ុន Shenzhen 4PX Express ធ្វើការបោះទីតាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ (ការបណ្តុះបណ្តាលធនធានមនុស្ស និងផ្ទេរចំណេះដឹង) សម្រាប់គាំទ្រប្រតិបត្តិការ E-Commerce និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

    លោករដ្ឋមន្ត្រី បានស្នើក្រុមហ៊ុន Shenzhen 4PX Express ពិចារណាចាប់ដៃគូ ជាមួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជំរុញវត្តមានផលិតផលខ្មែរ ដូចជាទំនិញកសិកម្ម គ្រឿងចម្លាក់ពីដៃ វត្ថុអនុស្សាវរីយ៍ ផ្លែឈើស្រស់ និងម្ហូបអាហារ នៅលើទីផ្សារអនឡាញ ជាពិសេស Alibaba ដែលជាគេហទំព័របោះដុំទំនិញធំបំផុត នៅក្នុងប្រទេសចិន និងលើពិភពលោក។

    ជាការឆ្លើយតប លោក KEVIN Yue Li បានប្តេជ្ញាចូលរួមអភិវឌ្ឍន៍វិស័យ E-Commerce ជាមួយក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចាប់ដៃគូ ជាមួយអង្គការ UNDP និងក្រុមហ៊ុនក្នុងស្រុក ព្រមទាំងការកសាងស្ថានីយមួយ ដែលសហគ្រាសធុនតូច និងមធ្យម អាចទម្លាក់ផលិតផលរបស់ខ្លួន ដើម្បីក្រុមហ៊ុនលក់ និងចែកចាយទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក ៕

    អត្ថបទដោយ៖ សុងលី

    ប្រភ​ព៖ businessesscambodia.com

    Categories: ជីវិត​និងសង្គម, បច្ចេកវិទ្យា

    Leave a Reply

    Your email address will not be published. Required fields are marked *