• ដឹងអត្តសញ្ញាណជនជាតិជប៉ុន ដែលអារ-កសម្លាប់តៃកុងឡានខ្មែរ ដើម្បីប្លន់ឡានហើយ

    តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសជនជាតិជប៉ុនចំនួន២នាក់ ជាប់សង្ស័យលើករណីឃាតកម្ម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពួកចាប់ខ្លួនបាន ក្នុងពេលរត់គេចខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព អារ-ក សម្លាប់អ្នកបើករថយន្តរត់តាក់ស៊ី បណ្តាលឲ្យស្លាប់ភ្លាមៗ រួចរុញសពជនរងគ្រោះទម្លាក់មកលើផ្លូវ ហើយបើករថយន្តចេញពីកន្លែងកើតហេតុ ខណៈហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ០៥ និង២០នាទីល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចជញ្ជីងថ្លឹងរថយន្ត ស្ថិតក្នុងទឹកដីភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

    តាមប្រភពបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក ហាយឡិនឌឺ ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2AB-5218 បានបើកមកឈប់នៅកន្លែងកើតហេតុ រួចក៏ស្រាប់តែគេឃើញមានការប្រតាយប្រតប់គ្នារវាងអ្នកបើករថយន្ត និងអ្នកជិះ ហើយបន្តិចក្រោយមក ក៏ឃើញអ្នកបើករថយន្ត ដែលខ្លួនប្រាណប្រលាក់ជោគដោយឈាមត្រូវគេទម្លាក់ចេញពីរថយន្ត រួចមនុស្សដែលនៅក្នុងរថយន្តក៏បើក រថយន្តគេចចេញពីកន្លែងកើតហេតុឆ្ពោះមកទិសខាងកើត ក្នុងបំណងចូលក្រុងសៀមរាប តែចៃដន្យអាក្រក់រថយន្តនោះបើករត់បានប្រមាណចម្ងាយប្រហែល៣០០ម៉ែត្រ បានបុកជាមួយគោយន្ដកន្រ្ដៃយ៍ដឹកស្រូវ ស្របទិសគ្នាទៅមុខលែងរួច បន្ទាប់មកជនសង្ស័យទាំង២នាក់បានចុះរត់កាត់វាលស្រែ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ។

    ប្រភពបានឲ្យដឹងទៀតថា ជនរងគ្រោះ ឈ្មោះ ហ៊ឹម ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី មានប្រពន្ធឈ្មោះ សុខ ចាន់ធឿន អាយុ៣៨ឆ្នាំ មានកូន៤ នាក់ ប្រុស៣ ស្រី១ ទីលំនៅភូមិជាន់ត្រាច ឃុំឈូកដាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ចំណែកជនសង្ស័យទាំង០២នាក់ ជាជនជាតិជប៉ុន គឺ១. ឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ២៤ ឆ្នាំ និង ២. ឈ្មោះ NAKA KUKI RYUJI ភេទប្រុស អាយុ ២៤ឆ្នាំ បានចូលមកកម្ពុជានៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នេះ តាមច្រកប៉ោយប៉ែត ។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូបានកម្លាំងសមត្ថកិច្ចនាំ មកសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

    ប្រភព៖ Media News Sharing

    ប្រភព៖ Khmer Note

    Categories: ជីវិត​និងសង្គម

    Leave a Reply

    Your email address will not be published. Required fields are marked *